រឿង​រ៉ាវ​​​នៃ​កិច្ច​​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំពី​សំណាក់សមត្ថកិច្ចរាជធានី ចុះ​បង្ក្រាប​​និង​ឈាន​ដល់ការ​បិទ​ក្លឹបកម្សាន្ត​ Rock (រ៉ុក) ធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ដោយ​ចាប់​បាន​ក្មេងស្ទាវស្រីប្រុស​ជាង ៣០០ នាក់ ព្រម​ទាំង​គ្រឿង​ញៀន​ជិត ៤០ គីឡូ តែ​រឿង​ដ៏​សោកសៅ​និង​គួរ​ឲ្យ​អាណិត​អាសូរ​បំផុត​នោះ គឺ​ឪពុកម្តាយស្រែក​​ទ្រហោរយំ​ ដោយ​ខំលក់ត្រកួន​និង​ធ្វើការ​នៅ​ឡឥដ្ឋ ​តែ​​កូន​ចូល​ក្លឹបសប្បាយ ថែម​​ត្រូវប៉ូលិស​ចាប់ទៀត​ពី​បទ​ពាក់ព័ន្ធគ្រឿងញៀនទៀត។

បើ​តាម​ការ​សម្ភាសន៍​ជាមួយ TVFB អុំ​ស្រី​ម្នាក់​ត្រូវ​ជា​ម្តាយ ដែល​កូន​ត្រូវ​ប៉ូលិស​ចាប់នៅ​ក្នុង​ក្លឹបកម្សាន្តរ៉ុក បានយំ​ទឹក​ភ្នែក​រហាមដោយ​ភាព​ក្តុកក្តួល​ថា អុំស្រី​មាន​ជីវភាពក្រីក្រណាស់ ហើយសព្វថ្ងៃ​រស់​នៅ​និង​ធ្វើការ​ឡឥដ្ឋ​នៅ​ម្តុំព្រែក​អញ្ចាញ​។ ពេល​ដឹង​ថា​កូន​ត្រូវ​ប៉ូលិស​ចាប់ រឿង​ពាក់ព័ន្ធគ្រឿងញៀនក្នុង​ក្លឹបកម្សាន្តរ៉ុក អុំ​ស្រី​យំ​ស្ទើរ​និយាយ​មិន​ចេញ ខំ​ជិះ​ឡាន​មក​ដោយ​គ្មានប្រាក់មួយរៀល តែបាន​អ្នក​ចិត្តធម៌​ជួយ​លុយ​តាមផ្លូវ​ខ្លះៗ​ទុក​ទិញបាយហូប។ អុំស្រី​​មិន​អាច​ធ្វើ​អ្វី​បាន មាន​តែ​​​​ម្រាមដៃដប់​សុំ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ។

ដោយឡែក​អុំ​ស្រី​ម្នាក់​ទៀត បាន​និយាយ​ថា សព្វថ្ងៃ​អុំស្រី​ជា​អ្នក​លក់ត្រកួន​ប៉ុណ្ណោះ រក​ព្រឹក​ខ្វះល្ងាច រក​មួយ​ថ្ងៃ​ចាយមួយថ្ងៃ ពេល​ខ្លះ​មិន​គ្រប់ផង ស្រាប់តែ​រឿង​រន្ធត់​កើតឡើង ដោយ​កូន​ប្រុស​ទូរសព្ទ​មក​ថា ខ្លួន​ត្រូវ​ប៉ូលិស​ចាប់នៅ​ក្នុង​ក្លឹប​រ៉ុក។ អុំស្រីខំ​ឈរ​នៅ​ក្រៅ​របង​សម្លឹង​មើល​កូនទាំង​កណ្តាល​ថ្ងៃ​ក្តៅ​ និង​ខំ​ទិញ​បាយ​ទឹក​ទុក​ឲ្យ​កូន​ ទាំង​ខ្លួនមិន​ទាន់​បាន​បាយមួយគ្រាប់ចូលពោះពីព្រឹក​ដល់ថ្ងៃត្រង់ ព្រោះ​តែ​បារម្ភកូន។

ក្រោយ​ចាប់បាន​ក្មេងស្ទាវប្រុស​ស្រីជាង ៣០០ នាក់ សមត្ថកិច្ច​ជំនាញ​បាន​​​ធ្វើ​តេស​ទឹកនោម​រក​សារធាតុញៀន ​និង​ធ្វើ​កំណត់​ហេតុ​ទៅ​លើ​យុវជន​យុវនារី​ជាង​៣០០​នាក់​ កំពុង​តែ​ដំណើរ​ការនៅ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ហើយ​ភាគ​ច្រើន​ សុទ្ធ​តែរក​ឃើញ​មាន​សារធាតុញៀន​នៅក្នុងខ្លួន​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here